មានដឹងអត់ តើជំងឺមហារីកកើតឡើងដោយសារអ្វី?
មហារីកជាជំងឺដ៏កាចសាហាវ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា ក្នុងឆ្នាំ២០២០ មនុស្សដែលស្លាប់ដោយសារជំងឺមហារីកមានរហូតដល់១០លាននាក់ នៅទូទាំងពិភពលោក។ ជំងឺនេះកើតឡើងដោយសារការលូតលាស់ខុសប្រក្រតីនៃកោសិកា។ ជំងឺមហារីកមានច្រើនប្រភេទណាស់។ តាមស្ថិតិ ជំងឺមហារីកដែលកើតញឹកញាប់ជាងគេ គឺ មហារីកសុដន់ មហារីកសួត មហារីកក្រពះ មហារីកពោះវៀនធំ និងមហារីកប្រូស្តាត។
ជំងឺមហារីកដែលសម្លាប់មនុស្សច្រើនជាងគេ នៅក្នុងឆ្នាំ២០២០ មានដូចជា៖
- មហារីកសួត (សម្លាប់មនុស្ស ១លាន៨សែននាក់)
- មហារីកពោះវៀនធំ (៩១០ ០០០នាក់)
- មហារីកថ្លើម (៨៣០ ០០០នាក់)
- មហារីកក្រពះ (៧៦៩ ០០០នាក់)
- មហារីកសុដន់ (៦៨៥ ០០០នាក់)
តើជំងឺមហារីកកើតឡើងដោយសារអ្វី?
ជំងឺមហារីកកើតឡើងនៅពេលដែលកោសិកាធម្មតាវិវត្តជាកោសិកាកាចដែលធ្វើការលូតលាស់មិនឈប់ឈ ដោយឆ្លងកាត់ដំណាក់កាលមួយចំនួន ចេញពីកោសិកាមុនមហារីក ទៅជាកោសិកាមហារីក។ ការវិវត្តនេះជាលទ្ធផលនៃអន្តរកម្មរវាងសែនរបស់មនុស្សជាមួយនិងភ្នាក់ងារខាងក្រៅ ដែលរួមមាន៖
- កត្តារូប ដូចជាកាំរស្មីស្វាយអ៊ុលត្រា(UV), វិទ្យុសកម្ម កាំរស្មីអុីយ៉ុង។
- កត្តាគីមី ដូចជា សារធាតុអាបេស្តូស ផ្សេងបារី អាល់កុល អាផ្លាតុកសុីន(សារធាតុគីមីម្យ៉ាងក្នុងចំណីអាហារ) និងសារធាតុអាសេនិចជាដើម។
- កត្តាជីវសាស្រ្ត ដូចជាជំងឺឆ្លងដែលបង្កដោយវីរុស បាក់តេរី ឬបរាសិត។
អង្គការសុខភាពពិភពលោក មានទីភ្នាក់ងារមួយហៅថា ទីភ្នាក់ងាអន្តរជាតិស្រាវជ្រាវលើជំងឺមហារីក(IARC) ដែលធ្វើតែងតែធ្វើចំណាត់ថ្នាក់ភ្នាក់ងារផ្សេងៗដែលនាំអោយមានជំងឺមហារីក។
ហានិភ័យនៃការកើតជំងឺមហារីកកើនឡើងតាមអាយុរបស់មនុស្ស។ ការកើនឡើងនេះប្រហែលមកពី កាលណាមនុស្សអាយុកាន់តែច្រើន ការប្រមូលផ្តុំនៃកត្តានាំអោយមានមហារីកក៏កាន់តែច្រើនដែរ។ ម្យ៉ាងវិញទៀត កាលណាអាយុកាន់តែច្រើន សមត្ថភាពរបស់កោសិកាក្នុងការជួសជុលខ្លួនឯងក៏ថយចុះដែរ។
កត្តាដែលនាំអោយមានហានិភ័យជំងឺមហារីក
ការប្រើប្រាស់ថ្នាំជក់ ការពិសាគ្រឿងស្រវឹង(អាល់កុល) ការបរិភោគអាហារមិនល្អ កង្វះការហាត់ប្រាណ និងការបំពុលខ្យល់ គឺជាកត្តាដែលនាំអោយមានហានិភ័យនៃការកើតជំងឺមហារីក និងជំងឺមិនឆ្លងផ្សេងទៀត។
ជំងឺរ៉ាំរ៉ៃដែលបណ្តាលមកពីមេរោគ ក៏ជាកត្តានាំអោយមានជំងឺមហារីកផងដែរ។ ករណីរបៀបនេះ ច្រើនកើតនៅប្រទេសដែលមានចំនូលទាប និងចំនូលមធ្យម។ ករណីជំងឺមហារីកប្រហែល១៣% នៅក្នុងឆ្នាំ ២០១៨ ត្រូវបានគេរកឃើញថាជាប់ទាក់ទងទៅនិងការបង្ករោគរ៉ាំរ៉ៃដោយមេរោគដូចជា បាក់តេរីក្រពះ(Helicobacter Pylori) វីរុសhuman papillomavirus (HPV) វីរុសរលាកថ្លើមប្រភេទ B វីរុសរលាកថ្លើមប្រភេទC និងវីរុស Epstein-Barr virus។
វីរុសរលាកថ្លើមប្រភេទB និង វីរុសរលាកថ្លើមប្រភេទC អាចធ្វើអោយមានហានិភ័យនៃការកើតមហារីកថ្លើម។ ចំនែកឯ វីរុស HPV បង្កើនហានិភ័យនៃការកើតមហារីកមាត់ស្បូន។
ការកាត់បន្ថយជំងឺមហារីក
ការជៀសវាងកត្តាហានិភ័យនិងការអនុវត្តតាមវិធានការណ៍ការពារមហារីកដែល គាំទ្រដោយវិទ្យាសាស្រ្ត និងអាចកាត់បន្ថយមហារីកពី៣០ទៅ៥០%។ បន្ថែមលើសនេះ ការត្រួតពិនិត្យរកឃើញមហារីកទាន់ពេលវេលា បូករួមជាមួយការព្យាបាលនិងថែទាំត្រឹមត្រូវអាចធ្វើអោយអ្នកជំងឺមានឱកាសខ្ពស់ក្នុងការជាពីជំងឺមហារីក។
ការការពារខ្លួនពីជំងឺមហារីក
ដើម្បីការពារខ្លួនពីជំងឺមហារីក អ្នកអាចអនុវត្តវិធានការណ៍មួយចំនួនដូចខាងក្រោម៖
- មិនជក់បារី ឬប្រើប្រាស់ថ្នាំជក់
- រក្សាទំងន់ខ្លួនក្នុងកំរិតសមស្រប
- បរិភោគអាហារដែលមានសុខភាពល្អ ដោយរួមមានការបរិភោគផ្លែឈើ និងបន្លែ
- ធ្វើលំហាត់ប្រាណជាប្រចាំ
- ជៀសវាង ឬកាត់បន្ថយការពិសាអាល់កុល
- ចាក់វ៉ាក់សាំងប្រឆាំងវីរុស HPV និងប្រឆាំងវីរុសរលាកថ្លើមប្រភេទ B ប្រសិនបើអ្នកស្ថិតក្នុងវ័យដែលអាចចាក់បាន
- ជៀសវាងការប៉ះពាល់ជាមួយកាំរស្មីស្វាយអ៊ុលត្រា(UV)
- ធានាអោយបាននូវការប្រើប្រាស់ក្នុងបរិមាណសមស្រមនូវកាំរស្មីនៅក្នុងការធ្វើរោគវិនិច្ឆ័យឬព្យាបាល
- កាត់បន្ថយការប៉ះពាល់ជាមួយកាំរស្មីអុីយ៉ុង
- កាត់បន្ថយការស្រូបខ្យល់ពុលពីក្នុងបរិយាកាស និងក្នុងផ្ទះ។
ការធ្វើតេស្តរកជំងឺមហារីកអោយបានទាន់ពេលវេលា
ការអាចរកឃើញជំងឺមហារីកទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតមនុស្សបានមួយភាគធំ។ ដោយការរីកចម្រើនផ្នែកបច្ចេកវិទ្យាវេជ្ជសាស្រ្ត គេអាចធ្វើការពិនិត្យរកជំងឺមហារីកបានជាច្រើនមុខ ជាពិសេសគឺមហារីកដែលកើតនិងបង្កអោយមានការស្លាប់ញឹកញាប់បំផុត។ ការធ្វើតេស្តរកជំងឺមហារីកអាចអោយគេ ពិនិត្យនូវជំងឹមហារីកដូចជា មហារីកប្រូស្តាត មហារីកពោះវៀនធំ មហារីកសុដន់ មហារីកថ្លើម និងមហារីកលំពែង។
សរុបមក មហារីកជាជំងឺកាចសាហាវណាស់។ កត្តាដែលនាំអោយមានជំងឺមហារីកមានច្រើន ពោលគឺអាស្រ័យលើកត្តាបុគ្គលផ្ទាល់និងកត្តាខាងក្រៅដែលរួមមានការបរិភោគអាហារមិនល្អ ការពិសាអាល់កុល ការជក់បារីជាដើម។ ការជៀសវៀងកត្តាដែលនាំអោយមានហានិភ័យ ផ្សំជាមួយការធ្វើតេស្តរកជំងឺមហារីកអោយបានទាន់ពេលវេលានឹងជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក និងការស្លាប់បានមួយភាគធំ។
ឯកសារយោង៖