ស្វែងយល់អំពីជំងឺមិនឆ្លង(NCD)៖ ឃាតករលាក់ខ្លួន នៅជិតបង្កើយនឹងរូបអ្នក
នៅទូទាំងពិភពលោក ជំងឺមិនឆ្លងកំពុងតែសម្លាប់ប្រជាជន៤១លាននាក់ជារៀងរាល់ឆ្នាំ ហើយគេអាចនិយាយឱ្យខ្លីបានថាជំងឺមិនឆ្លងបានសម្លាប់មនុស្ស៧នាក់ ក្នុងចំណោមអ្នកស្លាប់១០នាក់។ ជាពិសេស ជំងឺមិនឆ្លងធ្វើឱ្យមានការស្លាប់មុនអាយុចំនួន១៥លាននាក់ ដែលអ្នកទាំងនោះសុទ្ធតែស្លាប់មុនអាយុ៧០ឆ្នាំ។
១. ជាមួយការស្លាប់ដ៏ច្រើនលើសលប់ តើជំងឺមិនឆ្លង ឬNCDជាជំងឺអ្វី?
ជំងឺមិនឆ្លង ឬ NCD (Non-communicable Diseases) ខុសពីជំងឺឆ្លង ព្រោះជំងឺមិនឆ្លង បណ្ដាលមកពីកត្តាខាងក្រៅ ខណៈជំងឺឆ្លង អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដោយសារតែបាក់តេរី វីរុស និងប៉ារ៉ាស៊ីតគឺជាភ្នាក់ងារចម្លង។ ជំងឺឆ្លង មានដូចជាជំងឺអេដស៍ ថ្លើម ផ្ដាសាយ កូវីដ-19ជាដើម។ ហេតុដូច្នេះ ជំងឺមិនឆ្លង អាចបណ្ដាលមកពីបែបបទ នៃការរស់នៅ ហ្ស៊ែន និងកត្តាបរិស្ថានរស់នៅជាដើម។
ជំងឺមិនឆ្លងមានដូចជា ជំងឺលើសសម្ពាធឈាម ឬលើសឈាម, ទឹកនោមផ្អែម, លើសខូលេស្តឺរ៉ល និងមហារីកជាដើម។
២. តើកត្តាអ្វីខ្លះ បណ្ដាលឱ្យមានជំងឺមិនឆ្លង?
កត្តា ដែលបណ្ដាលឱ្យមានជំងឺមិនឆ្លង (លើសសម្ពាធឈាម, ទឹកនោមផ្អែម, លើសខូលេស្តឺរ៉ល...) មានដូចជា៖
- កត្តាបែបផែនរស់នៅ (Lifestyle)
- កត្តារបបអាហារ ដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក
- កង្វះលំហាត់ប្រាណ យ៉ាងតិច៣០នាទីក្នុង១ថ្ងៃ
- ការផឹកស្រា
- ការជក់បារី
៣. តើជំងឺមិនឆ្លង នាំឱ្យមានផលប៉ះពាល់អ្វីខ្លះ?
- ពិបាកព្យាបាល ឬមិនអាចព្យាបាលបាន
- ប្រឈមនឹងពិការភាព
- ពុំអាចប្រកបរបរទទួលទានបាន
- ការចំណាយពេលវេលា និងថវិការបស់ក្រុមគ្រួសារ លើការព្យាបាល និងថែទាំ
ដើម្បីបញ្ចៀសមិនឱ្យមានជំងឺមិនឆ្លង និងយល់ដឹងបន្ថែមពីជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត សូមមកជាមួយគ្រួសារអ្នក និងចូលរួមការដើរជុំវិញស្តាតអូឡាំពិក និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមទាំងអស់គ្នា! ចុះឈ្មោះ៖ https://shorturl.at/jtLW7