ហេតុអ្វីអនាគតគូស្វាមីភរិយាថ្មីចាំបាច់ធ្វើតេស្តសុខភាពមុនពេលរៀបការ?

ហេតុអ្វីអនាគតគូស្វាមីភរិយាថ្មីចាំបាច់ធ្វើតេស្តសុខភាពមុនពេលរៀបការ?

នៅពេលដែលនិយាយដល់រឿងដែលអនាគតគូស្វាមីភរិយាត្រូវធ្វើមុនពេលរៀបការ មនុស្សភាគច្រើននឹកទៅដល់ការថតរូបមុនអាពាហ៍ពិពាហ៍ (ថត pre-wedding)។ ពិតណាស់ ការថតរូបអាពាហ៍ពិពាហ៍ជាកម្រងអនុស្សាវរីយ៍យ៉ាងប្រពៃសម្រាប់ជីវិតគូរស្វាមីភរិយា ប៉ុន្តែរឿងមួយទៀតដែលមានសារៈសំខាន់សម្រាប់អនាគតជីវិតគ្រួសារផងដែរនោះគឺ ការពិនិត្យសុខភាពមុនពេលរៀបការ។ 

គូជាច្រើនមិនសូវបាននឹកនាដល់ការធ្វើតេស្តសុខភាពមុនរៀបការទេ ដោយសារតែពួកគេមិនយល់អំពីសារៈសំខាន់និងភាពចាំបាច់នៃការធ្វើតេស្តនេះ។ គូខ្លះថែមទាំងគិតមិនល្អចំពោះការធ្វើតេស្តមុនរៀបការទៀតផង។ នៅក្នុងអត្ថបទបន្តទៅនេះ យើងនឹងបង្ហាញអំពីមូលហេតុដែលអនាគតគូស្វាមីភរិយាទាំងអស់គួរតែធ្វើតេស្តមុនពេលរៀបការ។ 

តើការធ្វើតេស្តសុខភាពមុនពេលរៀបការជាអ្វី?

ការធ្វើតេស្តសុខភាពមុនពេលរៀបការគឺជាកញ្ចប់ពិនិត្យសុខភាពដែលរួមមានការតេស្តសុខភាពទូទៅ បូករួមជាមួយតេស្តជាក់លាក់មួយចំនួនដូចជា តេស្តរកមើលជំងឺតពូជ តេស្តរកមើលភាពអារ និងតេស្តរកមើលជំងឺកាមរោគជាដើម។ 

តេស្តទាំងអស់នេះមានសារៈសំខាន់ណាស់ ព្រោះគូស្វាមីភរិយាជាច្រើនមិនទាន់បានយល់ច្បាស់នៅឡើយទេ អំពីផលវិបាកនៃបញ្ហាសុខភាពដៃគូម្នាក់ៗទៅលើកូន ឬជីវិតគូ ដោយសារបញ្ហាសុខភាពទាំងនោះអាចនឹងគ្មានរោគសញ្ញាទាល់តែសោះ។

ហេតុអ្វីអនាគតគូស្វាមីភរិយាថ្មីចាំបាច់ធ្វើតេស្តសុខភាពមុនពេលរៀបការ?

ការរៀបការគឺជាការចុះកិច្ចសន្យារួមរស់ជាគូជីវិតនិងគ្នាយូរអង្វែង។ ហេតុនេះហើយ ការដឹងអំពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ដៃគូមានសារៈសំខាន់ណាស់។ គូស្វាមីភរិយាភាគច្រើនតែងតែមានគម្រោងបន្ទាប់ពីរៀបការដូចជា នឹងយកកូនឬអត់ គួរយកកូនពេលណា ជាដើម។ ការធ្វើតេស្តសុខភាពមុនពេលរៀបការអាចជួយអោយអនាគតគូស្វាមីភរិយាត្រៀមខ្លួនរួចរាល់ចំពោះរឿងរ៉ាវដែលនឹងអាចកើតមានឡើង។ ឧទាហរណ៍ តេស្តមើលលទ្ធភាពមានកូនរបស់ដៃគូអាចអោយអនាគតគូស្វាមីភរិយាដឹងច្បាស់ថាពួកគេនឹងអាចមានកូនឬគ្មានកូន តាមបំណងឬអត់។ 

លើសពីនេះទៅទៀត មិនមែនគ្រប់ដៃគូទាំងអស់សុទ្ធតែស្គាល់ច្បាស់ពីគ្នាទៅវិញទៅមកគ្រប់រឿងនោះទេមុនពេលរៀបការ ជាពិសេសគឺរឿងផ្លូវភេទ។ ឧទាហរណ៍ថា មានដៃគូម្ខាងមានជំងឺកាមរោគ ហើយគេបានលាក់រឿងនេះពីដៃគូម្ខាងទៀត ឬគេមិនដឹងខ្លួនថាគេមានជំងឺនេះ។ ក្នុងករណីនេះ ជំងឺកាមរោគនេះអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃប្រសិនបើពួកគេសម្រេចចិត្តថាមានកូនក្រោយពេលរៀបការ។ គ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃនេះនឹងមិនកើតមានឡើងឡើយ ប្រសិនបើគូស្វាមីភរិយាបានដឹងអំពីបញ្ហាជំងឺកាមរោគ ហើយព្យាបាលជំងឺអោយបានជាសះស្បើយមុនពេលយកបុត្រ។ 

ការធ្វើតេស្តមុនរៀបអាពាហ៍ពិពាហ៍មានសារៈសំខាន់ណាស់សម្រាប់ដៃគូអនាគតនីមួយៗក្នុងការត្រៀមខ្លួន និងប្រុងប្រយ័ត្នចំពោះបញ្ហានានាដែលនឹងអាចកើតមានឡើងទាក់ទងជាមួយសុខភាពភាគីនីមួយៗ។ ការអាចត្រៀមខ្លួនជាមុននេះ នឹងជួយអោយពួកគេអាចជៀសវាងផលវិបាកធ្ងន់ធ្ងរនានា។

តេស្តសុខភាពដែលគេធ្វើជាញឹកញាប់មុនពេលរៀបការ

ប្រភេទនៃតេស្តសុខភាពមានរាប់រយប្រភេទ ប៉ុន្តែតេស្តដែលសំខាន់បំផុតសម្រាប់មុនពេលរៀបការគឺមានដូចខាងក្រោម

  1. តេស្តឈាម

តេស្តឈាម ត្រូវបានធ្វើក្នុងគោលបំណងស្វែងរកបញ្ហាសុខភាពផ្សេងៗ ក៏ដូចជាបុរេលក្ខខណ្ឌមួយចំនួនដែលអាចនាំអោយមានបញ្ហាសុខភាព ឧទាហរណ៍ដូចជានៅពេលស្ត្រីពរពោះជាដើម។ នៅក្នុងតេស្តឈាមនេះ គេច្រើនធ្វើតេស្តរកក្រុមឈាម (ABO-RH) និងការរាប់ប្រភេទគ្រាប់ឈាមនានា។ ចំពោះស្ត្រី ការដឹងពីប្រភេទក្រុមឈាមអាចជួយអោយគាត់មានការប្រុងប្រយ័ត្នក្នុងករណីពរពោះ។ ជាក់ស្តែង ស្ត្រីមានផ្ទៃពោះដែលមានក្រុមឈាមរេសុីសអវិជ្ជមាន អាចនឹងធ្វើអោយប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃក្នុងករណីដែលទារកមានក្រុមឈាមរេសុីសវិជ្ជមាន។ ការដឹងមុនអំពីប្រភេទក្រុមឈាមអាចអោយវេជ្ជបណ្ឌិតស្វែងរកវិធីការពារគ្រោះថ្នាក់នៅពេលពរពោះបាន។

  1. តេស្តរកជំងឺកាមរោគ

ការធ្វើតេស្តរកជំងឺកាមរោគនិងជំងឺអេដស៍ អាចជួយអោយអនាគតគូស្វាមីភរិយាស្វែងយើងកាន់តែច្បាស់អំពីសុខភាពផ្លូវភេទរបស់ដៃគូម្ខាងៗ។ ពេលខ្លះ ភាគីដែលមានជំងឺកាមរោគមិនដឹងខ្លួនតែមានជំងឺកាមរោគឡើយ។ ការមិនដឹងមុននេះអាចនាំអោយមានការចំលងទៅភាគីម្ខាងទៀត។ នៅក្នុងករណីដែលភាគីណាម្នាក់ក្នុងចំណោមដៃគូនេះមានលទ្ធផលវិជ្ជមានជំងឺកាមរោគ ភាគីទាំងសង្ខាងអាចធ្វើការការពារខ្លួនបានល្អ។ 

3.តេស្តរកជំងឺតំណពូជ និងជំងឺរ៉ាំរ៉ៃ

ការធ្វើតេស្តទៅលើសែនដើម្បីរកជំងឺតំណពូជអាចផ្តល់ជាដំណឹងដល់អនាគតគូស្វាមីភរិយាដឹងអំពីហានិភ័យដែលកូនរបស់ពួកគេអាចមាន។ ដោយឡែក តេស្តរកជំងឺរ៉ាំរ៉ៃអាចអាចអនុញ្ញាតអោយភាគីនីមួយៗរកឃើញជំងឺរ៉ាំរ៉ៃទាន់ពេលវេលា ហើយពួកគេអាចធ្វើការគ្រប់គ្រងជំងឺណាមួយនោះមុននឹងជំងឺរីករាលដាលកាន់តែធ្ងន់ធ្ងរ។ តេស្តទាំងពីរនេះនឹងជួយអោយអនាគតគូស្វាមីភរិយាមានព័ត៌មានច្បាស់លាស់ក្នុងការរៀបផែនការសម្រាប់អនាគតពួកគេ ក៏ដូចជាអនាគតរបស់កូនៗពួកគេប្រសិនបើពួកគេចង់មាន។ 

  1. តេស្តប្រដាប់ភេទស្ត្រី និងលទ្ធភាពបន្តពូជ

ការតេស្តប្រដាប់ភេទស្ត្រីអាចជាតេស្តមួយដែលស្តី្រខ្មែរភាគច្រើនមិនចង់ធ្វើ ដោយសារតេស្តនេះតម្រូវអោយមានការពិនិត្យទៅលើផ្នែកផ្សេងៗនៃប្រដាប់ភេទស្រ្តីដូចជាទ្វារមាស មាត់ស្បូន កស្បូនជាដើម។ ប៉ុន្តែតេស្តនេះមានសារៈសំខាន់ណាស់ដើម្បីអោយស្ត្រីដឹងអំពីសុខភាពមាត់ស្បូននិងទ្វារមាស។ ព័ត៌មានទាំងនេះអនុញ្ញាតអោយគូស្វាមីភរិយាថ្មីមានការយល់ដឹងកាន់តែច្បាស់អំពីឱកាសក្នុងការមានកូនរបស់ពួកគេ។ ចំណែកឯតេស្តលទ្ធភាពបន្តពូជវិញ គឺធ្វើឡើងតាមរយៈការវិភាគលទ្ធភាពមានកូនទាំងបុរសនិងស្ត្រី។ សម្រាប់បុរសគេធ្វើតេស្តដោយពិនិត្យទឹកកាម ឯស្ត្រីគឺធ្វើតេស្តដោយអ៊ុលត្រាសោន។ 

សរុបសេចក្តីមក

ការធ្វើតេស្តសុខភាពមុនរៀបអាពាហ៍ពិពាហ៍មានសារៈសំខាន់ណាស់។ ការពិនិត្យសុខភាពនេះគឺជាមូលដ្ឋានគ្រឹះមួយក្នុងការកសាងគ្រួសារប្រកបដោយសុខភាពល្អ និងសុភមង្គល។

កញ្ចប់ពិនិត្យសុខភាពមុនពេលរៀបការដល់គេហដ្ឋាន

ប្រភព៖

https://elyonclinic.com.sg/pre-marital-screenings-why-couples-need-them-before-marriage/