TOVPET.COM គ្រោងរៀបចំកម្មវិធីដើរ ដើម្បីប្រយុទ្ធជំងឺមិនឆ្លង ដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺទឹកនោមផ្អែម

TOVPET.COM គ្រោងរៀបចំកម្មវិធីដើរ ដើម្បីប្រយុទ្ធជំងឺមិនឆ្លង ដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺទឹកនោមផ្អែម

នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ គេហទំព័រ TOVPET.COM គ្រោងនឹងរៀបចំកម្មវិធីដើរ ដើម្បីប្រយុទ្ធជំងឺមិនឆ្លង (ទឹកនោមផ្អែម, លើសសម្ពាធឈាម និងលើសខូលេស្តឺរ៉ល) ក្រោមការចូលរួមពីតំណាងក្រសួងសុខាភិបាល, វាគ្មិន ដែលជាវេជ្ជបណ្ឌិតឯកទេសជំងឺមិនឆ្លង, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, INFLUENCER និងមហាជន ដែលជាអ្នកចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីជំងឺមិនឆ្លង និងការការពារពីជំងឺទាំងនោះដូចជាជំងឺទឹកនោមផ្អែម នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ 

TOVPET.COM ជាកម្មវិធីទូរស័ព្ទ និងគេហទំព័រ សម្រាប់ប្រជាជនកម្ពុជា ទទួលការប្រឹក្សាអំពីឱសថ ជាមួយឱសថការីចុះបញ្ជីកាដោយឥតគិតថ្លៃ។

ឱសថបណ្ឌិត វិរៈ ខ្លូតជា, សហស្ថាបនិក និងនាយកប្រតិបត្តិ TOVPET.COM លើកឡើងថាកម្មវិធីដើរ ដើម្បីប្រយុទ្ធជំងឺមិនឆ្លងនេះ នឹងត្រូវបានរៀបចំឡើងដោយសារជំងឺមិនឆ្លង គឺជាបញ្ហាពិតប្រាកដមួយ ដែលមិនអាចប្រកែកបាន នៅក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល ហើយបញ្ហានេះគួរតែត្រូវបានដោះស្រាយដោយការបញ្ជ្រាបការយល់ដឹង ការអប់រំ និងការការពារទុកជាមុន។ 

ឱសថបណ្ឌិត វិរៈ ខ្លូតជាបន្ថែមថា លោកមានឪពុកដែលមានពិការភាព ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងមានម្ដាយដែលមានជំងឺទឹកនោមផ្អែម, លើសសម្ពាធឈាម និងលើសខូលេស្តឺរ៉ល ហេតុដូច្នេះលោកដឹងច្បាស់ពីទុក្ខលំបាករបស់អ្នកជំងឺ ក្រុមគ្រួសារ និងមិត្តភក្ដិអ្នកជំងឺ។ ម្យ៉ាងវិញទៀត ជំងឺមិនឆ្លងជាជំងឺដែលអាចកើតឡើងលើមនុស្សគ្រប់គ្នា ប៉ុន្តែអាចបញ្ចៀសបានតាមរយៈការរស់នៅ ដែលគិតលើសុខភាពជាចំបង។ នេះបើតាមការឱ្យដឹងពីលោកវិរៈ សហស្ថាបនិក និងនាយកប្រតិបត្តិTOVPET.COM។

ឱសថបណ្ឌិត វិរៈ ខ្លូតជា, សហស្ថាបនិក និងនាយកប្រតិបត្តិគេហទំព័រ TOVPET.COM

លោកឌុច ឡាលីន, អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ អំពីកម្មវិធីដើរ ដើម្បីប្រយុទ្ធជំងឺមិនឆ្លងនេះថ្លែងថា នាពេលបច្ចុប្បន្ន TOVPET.COMកំពុងធ្វើយុទ្ធនាការលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្នុងបំណងធ្វើឱ្យមហាជនកាន់តែច្រើនមានចំណាប់អារម្មណ៍លើកម្មវិធីមួយនេះ តាមរយៈការចុះឈ្មោះនៅក្នុងគេហទំព័រTOVPET.COM។ បើតាមការលើកឡើង របស់លោកឡាលីន, បើទោះកម្មវិធីដើរ ដើម្បីប្រយុទ្ធជំងឺមិនឆ្លងនេះជាកម្មវិធីចូលរួមដោយសេរី និងមិនគិតថ្លៃ ការចុះឈ្មោះ មុនការមកដល់របស់កម្មវិធី នឹងធ្វើឱ្យការរៀបចំកម្មវិធីកាន់តែប្រសើរ។

កញ្ញាហេង លាងអុី គឺជាអ្នកសម្របសម្រួល នៃអង្គការ Volunteer Nation ដែលមានចក្ខុវិស័យ ក្នុងការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត ឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត តាមរយៈការបណ្ដុះបណ្ដាល និងការអនុវត្តជាក់ស្ដែងនៅក្នុងកិច្ចការងារស្ម័គ្រចិត្ត នៅតាមគម្រោងដើម្បីសង្គមនានា។ បច្ចុប្បន្ននេះ​ Volunteer Nation កំពុងតែសហការជាមួយគេហទំព័រ TOVPET.COM ក្នុងការជ្រើសរើសអ្នកដឹកនាំក្រុមស្ម័គ្រចិត្តចំនួន២៥នាក់ លើផ្នែករកអ្នកឧបត្ថម្ភកម្មវិធី ទីផ្សារ និងរដ្ឋបាល។​ ហេតុដូច្នេះ ពួកយើងសូមអំពាវនាវដល់សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍លើបញ្ហាសុខភាពរបស់ប្រជាជនកម្ពុជា និងមានភាពជាអ្នកដឹកនាំចូលរួមដាក់ពាក្យក្លាយជាអ្នកដឹកនាំយុវជនស្ម័គ្រចិត្តឱ្យបានច្រើនកុះករ។ នេះបើតាមការលើកឡើង របស់កញ្ញាលាងអុី។

បើតាមអ្នករៀបចំកម្មវិធី កម្មវិធីដើរ ដើម្បីប្រយុទ្ធជំងឺមិនឆ្លងនឹងមានការអញ្ជើញចូលរួមពីវេជ្ជបណ្ឌិតល្បីៗ និងមានឯកទេសជំងឺមិនឆ្លងដូចជា៖

១. អ្នក​ឧកញ៉ា ​វេជ្ជ​បណ្ឌិត ​គួច​ ម៉េងលី, ​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ ម៉េងលី ​ជេ.​ គួច​ អេឌ្យូខេសិន

២. លោកវេជ្ជបណ្ឌិតស៊ុំ សត្ថា, ស្ថាបនិកកម្មវិធីអប់រំជំងឺទឹកនោមផ្អែមCarnetDia

៣. លោកវេជ្ជបណ្ឌិតនិត ប៊ុនតុងយី, ស្ថាបនិក និងនាយកប្រតិបត្តិមីតដុកទ័រ

៤. លោកវេជ្ជបណ្ឌិតឡន វាសនា, វេជ្ជបណ្ឌិតទូទៅ នៅឯមន្ទីរពេទ្យIntercare

នាពេលបច្ចុប្បន្ននេះ កម្មវិធីដើរ ដើម្បីប្រយុទ្ធជំងឺមិនឆ្លងមានអ្នកឧបត្ថម្ភដូចជាធនាគារ ហ្វីលីព ភីអិលស៊ី, មន្ទីរពេទ្យអ៊ីនធ័រឃែរ និងអូឡាំព្យា មេឌីខល ហាប់។

ដើម្បីទាញយកTOVPET.COM សម្រាប់កម្មវិធីទូរស័ព្ទដៃ សូមស្វែងរកពាក្យ “TOVPET” នៅក្នុង APP STORE សម្រាប់​ iOS និងនៅក្នុង​ PLAY STORE សម្រាប់​ ANDROID។

សូមទំនាក់ទំនងមកលេខ+855 99 914 657ដើម្បីចុះឈ្មោះចូលរួមកម្មវិធី ឬធ្វើការស្កេនលើ QR Code ខាងក្រោមនេះ។