ជំងឺកាចសាហាវ ៤ប្រភេទ ដែលអាចកើតលើមនុស្សក្នុងវ័យមុនអាយុ៤០ឆ្នាំ 

ជំងឺកាចសាហាវ ៤ប្រភេទ ដែលអាចកើតលើមនុស្សក្នុងវ័យមុនអាយុ៤០ឆ្នាំ 

អ្នកប្រហែលជាកំពុងស្ថិតនៅក្នុងវ័យ២០ ឬ៣០ឆ្នាំ ដែលជាវ័យពេញកំលាំងធ្វើការ។ ហើយជាញឹកញាប់ ប្រហែលមិនសូវចាប់អារម្មណ៍លើសុខភាពផ្ទាល់ខ្លួន ដោយសំអាងថាអ្នកមិនស្ថិតនៅក្នុងហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរទេ ដ្បិតជំងឺទាំងនេះច្រើនកើតលើមនុស្សវ័យចំណាស់។ ប្រសិនបើអ្នកគិតថាវ័យរបស់អ្នកមិនមែនជាវ័យនៃជំងឺ អ្នកគិតខុសហើយ។


យោងតាមវេជ្ជបណ្ឌិត អេរិន មីខូ ដែលអ្នកជំនាញ ខាងជំងឺបេះដូងនៃសកលវិទ្យាល័យ ចនហប់ឃីន នៅសហរដ្ឋអាមេរិចបានលើកឡើងថា ការកើនឡើងនៃបញ្ហាធាត់លើសទំងន់ និងរបៀបរបបរស់នៅដែលមិនសូវបញ្ចេញកំលាំងដូចជាអ្នកធ្វើការងារក្នុងការិយាល័យជាដើម ធ្វើអោយមានការកើនឡើងនូវបញ្ហាលើសជាតិខ្លាញ់កូឡេស្តេរ៉ូល និងការលើសសម្ពាធឈាមចំពោះប្រជាជនវ័យក្រោម៤០ឆ្នាំ។  បញ្ហាដែលលោកវេជ្ជបណ្ឌិត អេរិន បានលើកឡើងខាងដើម អាចនាំទៅដល់ជំងឺ៤ ដែលអ្នកជំនាញផ្នែកសុខភាពរកឃើញថាអាចកើតលើមនុស្សទាំងវ័យក្មេង៖


ជំងឺលើសសម្ពាធឈាម

សម្ពាធឈាមសំដៅដល់សម្ពាធនៃលំហូររបស់ឈាមទៅលើជញ្ជាំងសរសៃឈាម។ ជាធម្មតាសម្ពាធឈាមមនុស្សពេញវ័យគឺ ក្រោម 120/80 mmHg។ សម្ពាធឈាមដែលលើសពី 120/80 mmHg អាចជាសញ្ញានៃជំងឺលើសសម្ពាធឈាម។ ជំងឺលើសម្ពាធឈាម ត្រូវបានគេហៅថាជាឃាតករលាក់មុខ ដោយសារជំងឺនេះអាចនឹងមិនបង្ហាញរោគសញ្ញាសោះ តែមានឥទ្ធិពលសម្លាប់មនុស្សតាមរយៈការធ្វើអោយខូចខាតដល់បេះដូង តម្រងនោម សរសៃឈាម និងខួរក្បាល។ ការធាត់លើសទំងន់ ការពិសាជាតិអាល់កុល ភាពអសកម្មនៃរាង្គកាយ និងការបរិភោគជាតិអំបិលច្រើនត្រូវបានគេរកឃើញថាជាមូលហេតុដែលអាចនាំទៅដល់ជំងឺលើឈាមនេះ។ ការពិនិត្យសុខភាពជាប្រចាំអាចអនុញ្ញាតអោយអ្នកតាមដានពីសម្ពាធឈាមរបស់ខ្លួន និងធ្វើការផ្លាស់ប្តូររបៀបរបបរស់នៅដែលផ្តល់ហានិភ័យទាន់ពេលវេលា។​ 


ជំងឺទឹកនោមផ្អែមប្រភេទ២ 

ជំងឺទឹកនោមផ្អែមកើតឡើងនៅពេលដែលលំពែងរបស់មនុស្សមិនអាចគ្រប់គ្រងបរិមាណជាតិស្ករនៅក្នុងឈាមបានប្រក្រតី។ ជាញឹកញាប់គេតែងនិយាយថាជំងឺនេះច្រើនកើតឡើងតែលើមនុស្សចាស់ ប៉ុន្តែសំទុះនៃការអភិវឌ្ឍ និងភាពសម្បូរសប្បាយនៃជីវិតធ្វើអោយជំងឺនេះកើនឡើងនៅលើមនុស្សវ័យក្មេងផងដែរ។ ជំងឺទឹកនោមផ្អែមនេះ ត្រូវបានគេរកឃើញថាមានការកើនឡើងជាមួយនិងការធាត់លើសទំងន់។ អង្គការសុខភាពពិភពលោក ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាបាននិងកំពុងធ្វើការផ្សព្វផ្សាយ និងដាក់ចេញនូវវិធានការជាច្រើនទាក់ទងនិងជំងឺទឹកនោមផ្អែមនេះ តាមរយៈការបង្កើនការយល់ដឹងអំពីហានិភ័យនៃការធាត់លើសទំងន់ និងការបរិភោគជាតិស្កររួមមានការបរិភោគភេសជ្ជៈផ្អែមច្រើនលើសកំរិតជាដើម។ វិធានការផ្ទាល់ខ្លួនមួយដើម្បីជួយអ្នកក្នុងការកាត់បន្ថយហានិភ័យធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែម គឺការពិនិត្យជាតិស្ករក្នុងឈាមទៀងទាត់។ 


ជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាល កើតឡើងនៅពេលដែលសរសៃឈាមតូចៗដែលទៅចិញ្ចឹមខួរក្បាលផ្ទុះបែក ធ្វើអោយឈាមមិនអាចទៅចិញ្ចឹមកោសិកាខួរក្បាលបាន។ ផ្នែកនៃខួរក្បាលដែលមិនមានឈាមចិញ្ចឹមនោះនឹងរងការខូចខាតជាទំងន់ ហើយធ្វើអោយខួរក្បាលបាត់មុខងារសំខាន់របស់វាដូចជាការបញ្ជាសាច់ដុំជាដើម។ ឧទាហរណ៍ ក្រោយដាច់សរសៃឈាមខួរក្បាល អ្នកជំងឺអាចស្លាប់មួយចំហៀងខ្លួន។​ ជាញឹកញាប់ ជំងឺដាច់សរសៃឈាមខួរក្បាលកើតលើមនុស្សវ័យលើស៦៥ឆ្នាំ ប៉ុន្តែ កត្តាហានិភ័យបាននិងកំពុងកើនឡើងចំពោះបុគ្គលវ័យក្មេងផងដែរ ជាពិសេសគឺទៅលើអ្នកដែលមានបញ្ហាលើសជាតិខ្លាញ់ លើសសម្ពាធឈាម ឬមានទឹកនោមផ្អែម។ ការតាមដានសុខភាពពិសេសជាតិខ្លាញ់អាក្រក់នៅក្នុងឈាម គឺជាមធ្យោបាយដ៏ល្អមួយដែលអាចជួយអោយអ្នកជៀសផុតហានិភ័យនៃការដាច់សរសៃឈាមខួរក្បាល។


ជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំ

ជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្រ្តរកឃើញថាមនុស្សដែលមានអាយុកាន់តែច្រើនប្រឈមនឹងជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំកាន់តែខ្លាំង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេចាប់ផ្តើមសង្កេតឃើញជំងឺប្រភេទនេះកើតឡើងកាន់តែញឹកញាប់លើមនុស្សវ័យក្មេង។ បើយោងតាម វេជ្ជបណ្ឌិត នីឡូ អាសាដ ដែលជាសាស្រ្តាចារ្យរងផ្នែកមហារីកវិទ្យានៃសកលវិទ្យាល័យចន ហប់ឃីន បច្ចុប្បន្ននេះគេមិនទាន់កំណត់មូលហេតុអោយបានច្បាស់លាស់នៅឡើយទេថាហេតុអ្វីជំងឺនេះចាប់ផ្តើមកើតច្រើនលើប្រជាជនវ័យក្មេង។ បើទោះជាយ៉ាងនេះក្តី ការតាមដានសុខភាពជាទៀងទាត់​ក៏ដូចជាការពិគ្រោះជាមួយគ្រូពេទ្យនៅពេលដែលលោកអ្នកមានបញ្ហាទាក់ទងពោះវៀនធំដូចជាការបត់ជើងធំឬចលនាពោះវៀនធំមិនប្រក្រតីគឺជាជម្រើសដ៏ត្រឹមត្រូវដើម្បីធានាថាមិនយឺតពេលប្រសិនបើមានបញ្ហាមហារីកនេះកើតឡើង។

សរុបសេចក្តីមក ការយកចិត្តទុកដាក់ថែរក្សាសុខភាពគឺជារឿងចាំបាច់មិនអាចព្រងើយកន្តើយបានឡើយ មិនថាអ្នកស្ថិតនៅក្នុងវ័យណានោះទេ។ 

កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំសម្រាប់វ័យក្រោម៤០ឆ្នាំ

ឯកសារយោង: